របៀបដំឡើងហ្គេមចាស់ៗ (សម្រាប់ប្រព័ន្ធអេនដ្រយដ៍)


ដោយមានបងប្អូននិងមិត្តភក្តិបានសួរនាំពីរបៀបដំឡើងហ្គេមចាស់ៗ (ហ្គេមជំនាក់ក្មេងដើរស្រាត :-P) ឥលូវនេះខ្ញុំបាន សរសេរពីរបៀបដំឡើងនៅទីនេះដើម្បីងាយស្រួលដល់បងប្អូន និងមិត្តភក្ដិដែលមានបំណងចង់រំលឹកដល់អនុស្សាវរីយ៍ កាលនៅក្មេងៗ។

ខាងក្រោមនេះជាវិធីនិងតម្រូវការក្នុងការដំឡើងហ្គេម៖

  • ប្រភេទទូរហ្គេម MAME

១- ទាញយកកម្មវិធី និងដំឡើង Tiger Arcade.apk

២- ទាញយកឯកសារ និងពន្លាឯកសារ BOIS.zip

៣- ទាញយកឯកសារហ្គេមរ៉ូម និងពន្លាឯកសារ ROMs Gmes.zip

បន្ទាប់ពីទាញយកឯកសារ និងដំឡើងក្នុងទូរស័ព្ទរួចហើយ សូមបង្កើត Folder មួយក្នុង Internal Storage ឬ SD Card ដោយដាក់ឈ្មោះថា Roms បន្ទាប់មកចម្លងឯកសារដែលបានដោតឡូតពីខាងលើ (BOIS & Roms) ដើម្បីចម្លងចូល ក្នុង Folder Roms ទាំងអស់ជាការស្រេច ។

  • ប្រភេទ NES (តេឡេកុម្មង់)

១- ទាញយកកម្មវិធី និងដំឡើង NES Emulator Pro.apk

២- ទាញយកឯកសាររ៉ូម និងពន្លាឯកសារ NES Roms.zip

៣- ទាញយកហ្គេមបន្ថែមថ្មី Nes Roms Update.zip

បន្ទាប់ពីទាញយកឯកសារ និងដំឡើងក្នុងទូរស័ព្ទរួចហើយ សូមបង្កើត Folder មួយក្នុង Internal Storage ឬ SD Card ដោយដាក់ឈ្មោះថា NES Roms បន្ទាប់មកចម្លងឯកសារដែលបានដោតឡូតពីខាងលើ (NES Roms) ដើម្បីចម្លងចូល ក្នុង Folder NES Roms ទាំងអស់ជាការស្រេច ។

រូបភាពប្រភេទទូរហ្គេម MAME៖

MAME copy

រូបភាពប្រភេទតេឡេកុម្មង់ NES៖

NES copy

ចំណាំ៖ ទាំងនេះគ្រាន់តែជាផ្នែកខ្លះនៃហ្គេមដែលខ្ញុំបានដោនឡូតមកស្រាប់តែប៉ុណ្ណោះ បើចង់កម្សាន្តសប្បាយ៍ជាមួយ ហ្គេមផ្សេងទៀតបងប្អូន និងមិត្តភក្ដិគ្រាន់តែដោនឡូតប្រភេទរ៉ូម (GameRoms.zip) ហើយចម្លងដាក់ក្នុង Folder Roms ជាការស្រេច៕

លីងសម្រាប់ដោនឡូតហ្គេមរ៉ូម៖

http://www.emuparadise.me/roms-isos-games.php

http://romhustler.net/roms

http://www.freeroms.com/

http://coolrom.com/roms/

នៅមានច្រើនទៀត អាចស្វែងរកតាមរយៈហ្គោហ្គូល…

Advertisements

អាំងប៉ាវឆ្នាំនេះជាអាំងប៉ាវធំ…!!!


ធ្វើការជាមួយថៅកែពូកែស្ដីបន្ទោសជិត១០ឆ្នាំ (មិនមែនចេះតែស្ដីទេ តែពូកែសន្សំទុក! ខុសរឿងមួយមិនដែរស្ដីឬជេរទេ តែសន្សំបានច្រើនហើយចាំស្ដាប់គាត់ទៅ មួយយប់ទល់ភ្លឺក៏និយាយមិនអស់ដែរ) អាចនិយាយថាខ្ញុំមានជីវភាពគ្រាន់ ដល់ថ្ងៃនេះ គាត់ក៏ជួយច្រើនដែរ គាត់បង្រៀនឲ្យខ្ញុំចេះធ្ចើ ចេះសំរប ចេះឱនលំទោនជាមួយអ្នកធំ (ពួកថៅកែចិនអាង លុយ និងអាងខ្នង) តែគាត់ផ្ដាំដែរថាជិះម៉ូតូត្រូវចាក់សាំង ចឹងពេលថៅកែណាក៏ដោយប្រើយើង យើងត្រូវទារលុយគាត់ ទោះបីប្រើយើងនៅមុខមេយើងក៏ដោយ 😀 ។ ហាក៎! ក្រែងនិយាយរឿងអាំងប៉ាវតើ ម៉េចក៏បែកអូរហូរស្ទឹងច្រើនម្លេស? ចូលដល់រឿងអាំងប៉ាវឆ្នាំនេះវិញ បើនិយាយទៅស្ទើរតែគេមិនជឿផង៖
១- អាំងប៉ាវពីក្រុមហ៊ុនបានច្រើនដែរ (ប្រាក់ខែមួយខែ គុណនឹង ១.៥ បាន ១២០០ដុល្លាដែរ) 😀
២- បានលុយបន្ថែម (Bonus) ពីថៅកែកន្លះពាន់ទៀត ៥០០ដុល្លាដែរ 😀
៣- លុយអាំងប៉ាវពីភាគហ៊ុនក៏ក្រែលទៀត ១៣០០ដុល្លាដែរ 😀
៤- អាំងប៉ាវចុងក្រោយបានធំ អរគុណថៅកែដែលតែងតែជេរស្ដីខ្ញុំ ទោះនៅមុខថៅកែធំផ្សេងៗក៏ដោយ ក៏គាត់នៅជួយ គិតគូរពីបុគ្គលិកចាស់ម្នាក់នេះដែរ 😀 គាត់ដឹងថាខ្ញុំចង់ទិញផ្ទះផ្ទាល់ខ្លួន គាត់បានឲ្យអាំងប៉ាវធំមួយដែរគឺជួយជំរុញខ្ញុំ ឲ្យទិញផ្ទះថ្មីដោយគាត់ចេញប្រាក់ផ្ទាល់ខ្លួនគាត់ចំនួន ពីរម៉ឺនដុល្លា សល់ប៉ុន្មានទៀតខ្ញុំអ្នកទទួលរ៉ាប់រង។ (រកឯណាបាន បើគាត់មានចិត្តហើយ យើងមិនយកខ្លា​ចបាប ចឹងមុខក្រាស់យកលុយគាត់ទាំងដៃពីរទៅ :-D)

សរុបទៅអាំងប៉ាវឆ្នាំនេះគិតជាលុយខ្មែរ ៩២លានរៀលគត់ 😀 តែគ្មានបានចាយចុកស្អីទេ ឲ្យថ្លៃផ្ទះគេអស់គ្មានសល់។ អរគុណថៅកែ ដែលជួយជ្រោមជ្រែងបុគ្គលិកម្នាក់នេះ ជូនពរឲ្យថៅកែរកស៊ីមានបានកាន់តែច្រើនឡើងៗ និងជូនពរ ក្រុមគ្រួសារថៅកែជួបតែសេចក្ដីសុខ សេចក្ដីចម្រើនរៀងរហូត។

បុណ្យភ្ជុំបិណ្ឌ និងប្រេតក្នុងជំនឿរបស់ខ្មែរ


ឆ្នាំនេះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​មួយក្នុង​ចំណោម​បុណ្យ​ជាច្រើន​ តាមបែប​សាសនា​សម្រាប់​ពុទ្ធសាសនិកជន នឹងប្រព្រឹត្ដ​ទៅចាប់​ពីថ្ងៃទី ១រោច​ ដល់ថ្ងៃទី ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី ២៨ខែកញ្ញា ដល់ថ្ងៃទី ១២ខែតុលា ឆ្នាំ២០១៥។ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ធ្វើឡើង​ក្នុងកិច្ច​បញ្ជូន​កុសល​ទាំងឡាយ​ទៅឱ្យ​ញាតិមិត្ដ ឪពុកម្ដាយ ឬ​បងប្អូន​ដែល បាន​ចែកឋាន​ទៅហើយ។

បុណ្យ​ភ្ជុំបិណ្ឌដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំក្នុង​វត្ត​អារាម​នានា គឺពុទ្ធ​បរិ​ស័​ទ្ធ​ខ្មែរ​រមែងតែ​ងយក​ចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅពេល​ព្រឹក ឬថ្ងៃត្រង់ដើម្បី​បង្សុកូល​ឧទ្ទិសបុណ្យ​កុសល​ទៅដល់​ញាតិ​ទាំង​ប្រាំពីរ​សន្តានដែល​បាន​ចែក​ឋាន​ទៅ។ បុណ្យភ្ជុំបិណ្ឌ​នេះ​មាន​រយៈពេល១៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃ ១​រោច (​បិណ្ឌ​១) ទៅដល់​ថ្ងៃ​១៥​រោច (បិណ្ឌធំ) ដាច់ខែភទ្របទ។​ក្នុង​មួយឆ្នាំមានតែ​រយៈកាល​នេះ​ទេ ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ម្តងដើម្បី​ទទួល​នូវ​ចំណីអាហារ។ ប៉ុន្តែ​សម្រាប់​ពុទ្ធសាសនិកជន​ខ្លះដែល​ខ្លាច​ញាតិសន្តាន​របស់ខ្លួន បានក្លាយ​ទៅជា​ប្រេតដោយ​អំពើ​បាបកម្ម​គ្រប់​ប្រភេទដែលបាន ធ្វើ​ពី​ជាតិ​មុននោះ​ពួកគេ​ក៏​យក​អាហារ​ទៅ​វេរ​ឲ្យ​ពួក​អា​សុរ​កាយ​ទាំងនោះតាមរយៈ​អាចារ្យវត្ត​ថែមទៀត។ បើ​តាម​ទំនៀម ទម្លាប់​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ ដើម្បី​ម្ហូបអាហារបាន​ទៅដល់​ពួក​ប្រេត គេ​ក្រោក​ឡើង​នៅ​ម៉ោង៤​ភ្លឺដាំបាយ​ដំណើប​លាយ​ជាមួយ​ល្ង ហើយ​ពូត​ជា​ដុំៗ ដាក់​ក្នុង​ចាន ដោយ​ដាក់​ទឹកជា​មួយ​ផង រួច​កាន់​តាម​ខ្លួន​ទៅ​វត្ត។ ក្រោយពី​ជួបជុំគ្នា នៅមុខ​ព្រះ​វិ​ហារ​រួច ក្រោម​ការណែនាំ​របស់​អា​ចា​រ្យ ពួកគេ​ក៏​ដើរ​ប្រទក្សិណ​ជុំវិញ​ព្រះវិហារចំនួន​៣​ជុំ។ បន្ទាប់មក​ពួកគេ​ម្នាក់ៗក៏​យក​បាយដំណើប ផ្លែឈើ ដូចជា​ក្រូច ចេក មៀន និង​នំនែក​ជាដើម ព្រមទាំង​ចាក់ទឹក​ក្រូច​បន្តិច​នៅលើ​បាយ ដំណើប​ទាំងនោះ និង​ដោតធូប​មួយ​ដើមដើម្បី​ឧ​ទ្ទិសឲ្យ​ខ្មោច​ដូនតា​មក​ទទួល​សំណែន​ទាំងនោះ។​

បុណ្យ​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​បីយ៉ាងគឺ៖

ទីមួយ៖ ធ្វើបុណ្យ​ឧទ្ទិសកុសល​ចំពោះ​បុគ្គលមាន មាតាបិតា​ញាតិកា​ទាំងប្រាំពីរសន្ដាន ដែលបាន​ចែកឋានទៅកាន់ បរលោក ហើយទោះ​ទៅកើត​នៅទីណា កើតជាអ្វី​ក៏ដោយ។ លោកអ្នក​ខ្លះយល់​ច្រឡំ​ដោយ​ចំពោះ​ថាឧទ្ទិស​ទៅឱ្យ​ពួក​ប្រេត​ជាឧបាយិក​សត្វ​ទាំងនេះ មកពី​យល់មិនច្បាស់​អំពី​សព្ទថា​ (បេតៈ ឬប្រេត)​ ច្រើន​លើកយក​រឿងសត្វ​ប្រេតមកធ្វើ ជា​ប្រភពបុណ្យ។ ពាក្យថា បេតៈ ជាភាសា​បាលីសំស្ក្រឹត​ថាប្រេត ដែលអាច​ថាប្រេត​ដោយប្រែ​សេចក្ដីថា៖ អ្នក​ទៅកាន់​បរលោក​ ឬអ្នក​ដែលធ្វើ​មរណៈកាល​ទៅកាន់​បរលោក។ បើ​ប្រើជានាម​ គឺសំដៅ​យកសត្វប្រេត​ក្នុង​អបាយភូមិ ប្រើ​ជា គុណនាម ​សំដៅ​យកមនុស្ស​ដែលស្លាប់​ទៅហើយ។ គោលដៅ​របស់​បុណ្យ​នេះមិន​ចំពោះ​តែធ្វើ​ឧទ្ទិស​សំដៅ​ទៅប្រេត បុគ្គល​ជាញាតិកា​ទាំងអស់ មាន​មាតាបិតា​ជាដើម ដែលស្លាប់​ទៅហើយ​ទៅកើត​ជាអ្វី​ក៏ដោយ បើកើត​ជាប្រេត នរក តិរច្ឆាន ឬ​អសុរកាយ ក៏​ឱ្យបាន​រួចដោះ​កម្មពៀរ​បានសុខ​ចម្រើន​ឡើង បើទៅ​កើតជា​មនុស្ស​ជាទេវតា​ក៏សូមឱ្យមាន​ជោគ សិរិសួស្ដី​សុខចម្រើន​ក្រៃលែង​ទៅទៀត។

ទីពីរ៖ ធ្វើ​ដើម្បី​ឱ្យសុខ​ចម្រើន​សិរីសួស្ដី ដែលកើត​ផលទាន​ដល់ខ្លួន។

ទីបី៖ ធ្វើដើម្បី​បង្កើត​សាមគ្គី​របស់ជាតិ ទើបមាន​កំណត់ថ្ងៃ​ខែពេលវេលា និង​ទានវត្ថុ​មាន​នំអន្សម​ជាដើម ប្លែក​ជាងទាន ទាំងអស់ ហើយ​ស្រុះស្រួល​គ្នាធ្វើ​ដូចៗគ្នា​ទាំងអស់។

សូមជម្រាបថាតាំងពី​បុរាណកាល​មក​រហូតដល់​ស​ម័​យ​ក្រោយៗ​ទៀត ​សូម្បីតែ​នៅ​សម័យ​ទំនើប​នេះ​ក្តីក៏ពុទ្ធសាសនិក ខ្មែរនៅតែ​ជឿ​លើ​បុណ្យ​បាបកម្ម​ពៀរ​វេរា។ ​ពួក​ប្រេត​ទាំងនោះសុទ្ធសឹងតែ​មានមុខ គឺជា​មនុស្ស​ដូច​គេឯង ក៏ប៉ុន្តែ​ដោយ សារតែ​អំពើអាក្រក់ កាច​សាហាវ អធម៌ ដែល​ខ្លួន​បាន​សាង ទើប​ពេល​ទទួល​មរណកាល​ បានក្លាយ​ទៅជា​ប្រេត​។​ ​តាម​ចាស់ៗ​បុរាណគេ​ចែក​ប្រេតទាំងនោះជា​ ១២​ពួកដោយមាន​ឈ្មោះ​ខុសៗ​គ្នា។ យោងតាម​ជំនឿ​និង​ការរៀបរាប់តំណាល​តៗ​មក ការតាំង​ឈ្មោះ​ប្រេត​ទាំងនោះ គឺ​អាស្រ័យ​មកពី​អំពើ​បាបកម្មដែល​ខ្លួន​បាន​សាង​ពី​ជាតិ មុនមក។ ម្យ៉ាងវិញទៀត​ប្រេត​ខ្លះក៏មាន​រូប​សញ្ញា​ផ្ទាល់​របស់ខ្លួន​ដែរ។

ខាងក្រោមជាទម្រង់ពពួកប្រេតទាំង១២ពួក៖

1ប្រេតទី១ ឈ្មោះ​វ​ន្តា​សា៖ ពួកប្រេតនេះមានមុខក្រញូវ វង់ភ្នែកគ្រលួង ដុះរោមស្រមូវ មាត់វៀចកំប៉ូវ ស្មងកោងកំពួរ សក់រួញក្រញង់ ពោះប៉ោងកំប៉ង់ ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុសខុសជួរ សរសៃដូចពួរ ព័ន្ធព័ទ្ធពេញកាយ រាងខ្ពស់ចង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយ លានឆ្នាំ មិនដែលស្គាល់បាយ ទុក្ខឥតរសាយ ស៊ីតែ​កំហាក។ ប្រេតនេះកាលពីមុនមិនបានធ្វើ បុណ្យ ដោយចិត្ដជ្រះថ្លា ធ្វើដោយអំណាច ចិត្ដកាចឫស្យា ស្ដោះដាក់អាហារ ឱ្យអ្នកសីលខ្ពស់។ ម្យ៉ាងទៀតជ្រះថ្លា តែល្មើសក្នុងការ ឱ្យទានមានមោះ ចាត់ចែងភោជន ស្មោកគ្រោកលើសលោះ ឲ្យ ឥតពិគ្រោះកខ្វក់ក៏ឲ្យ។

2ប្រេតទី ២ ឈ្មោះកុណ​បា៖ ពួកប្រេតនេះពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កា យារស្ដោក ធ្មេញធំប៉ុនចប សក់វែងអូសដី ច្រមុះខើចខ្លី កស្ដួចដូចដប ក្បាលធំជាងខ្លួន មិន សមប្រកប គួរឱ្យខ្លាចខ្លប ពួកប្រេតអប្រិយ។ ប្រេតនេះក្លិនស្អុយអសោចិ ស៊ីតែសពខ្មោច ស៊ីឥត​ប្រណី នាំគ្នាអង្គុយផ្ទាល់ដី ចាប់ហែកទាញបោច។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំផ្លាយ ឃ្លានស្ទើរហិនហោច ខំស៊ីខ្ទុះឈាមនៃសាកសព្វខ្មោច ឥតបានប្រយោជន៍ ឱ្យបាត់អត់ឃ្លាន ឡើយ។ ស៊ីណាស់​ឃ្លានណាស់ ព្រោះកម្មផលចាស់ ដែលខ្លួនបានធ្វើ ចេះតែបណ្ដោយ ឱ្យទុក្ខ ឥតស្បើយ បើបានស៊ីហើយ ឃ្លានរឹតលើសដើម។ ប្រេតនេះកាលពីមុន មិនបានធ្វើបុណ្យ ជាមនុស្សខូចឆ្នើម ឃើញកម្មអាក្រក់ មិនចេះរអើម ឥតមានសម្បើមប្រមាទគ្រប់យ៉ាង មិនមានកោតខ្លាច ឫទ្ធី​អំណាច អ្នកមានសីលសាង បញ្ឆាតអ្នកបួស អ្នកមានសម្អាង ឱ្យសាច់១០យ៉ាង ខុសធម៌​វិន័យ ឱ្យដោយឫស្យា ចិត្ដគ្មានមេត្ដា ឱ្យហើយបំភ័យ បំផ្លាញអ្នកបួស ឱ្យខុសវិន័យ ធ្វើសង្ឃឱ្យភ័យរន្ធត់​ស្មារតី។

3ប្រេតទី៣ ឈ្មោះ​គូ​ថៈ៖ ប្រេត​នេះមាន​ភ្នែកវិល​ទទឹង មាត់ខើច​សំញេញ ដុះរោម​ជិតឈឹង ច្រមុះ​ត្រង់ភ្លឹង កខ្លី​ដូចហ៊ីង។ ក្បាលធំ ក្រមាង សក់ដុះ​ខាងៗកណ្ដាល​រលីង ត្រចៀក​កំប៉ិត ពោះធំ​កំភឹ្លង រូបរាង​ស្គមរឹង ស៊ីតែ​លាមក។ ក្លិនស្ទុយ​ខ្មោះៗ សាច់​ក្រៀ​ក្រោះ ដៃជើង​ធំស្ទក់ ខំដើរ​ស្កាត់រក​គំនរលាមក ឃើញហើយ​ជញ្ជក់​លេប​ឥតគិតគន់ ច្រើនដើរ​តត្រុក​ក្រោមផ្ទះ​អ្នកស្រុក​នឹង​ទីបង្គន់ ឃ្លានបាយ​ខ្លាំងណាស់សោយ​ទុក្ខទោស​ធ្ងន់ ឥត​ប្ដីប្រពន្ធ​រស់សែន​វេទនា។ ប្រេតនេះ​រស់រង​ផល កម្ម​គឺពៀរវេរា កាលពី​ជាតិមុន​ជាជនពាលា​មិនមាន​ចិត្ដសទ្ធា​កោងកាច​អប្រិយ គម្រាម​អ្នកបួស​ឱ្យ​ឆាន់​អាចម៍​ឈ្លូស​អាចម៍ក្របី។ អ្នក​បួសខ្លាច​អំណាច​លោកីយ៍​ចេះតែខំ​ឆីមិន​ហ៊ានតវ៉ា។ មួយទៀត​ខ្លួនមាន​មិនចំណាយ​ទាន​ឱ្យដល់​មាតាបិតា ជីដូនជីតា​ឱ្យលោក​ខ្លោចផ្សា។ លុះជន​នេះស្លាប់​ទៅ ធ្លាក់​នរក​ខ្ទះដែក សេសសល់ ផលកម្ម​កើតជា​ប្រេតប្លែក​ស្រេកឃ្លាន​អនេកកាយ​លាមកស៊ី។

4ប្រេតទី៤ ឈ្មោះ​អគ្គី​ជាល៖ ប្រេតនេះ​ភ្លើងឆេះ​រោលរាល ភ្នែក​ហើមលាន ក្បាល​ងងក់​ស្រែកយំ ភ្លើងឆេះ​រន្ធមាត់។ ឆេះឆួល ក្នុង​កាយកម្ដៅ​ចំហាយ​ក្ដៅខ្លាំង​ឆេះចេញ​តាមមាត់​នៃ​ប្រេតចង្រៃ តែ​ប្រេត​​មិនក្ស័យ​ព្រោះ​កម្មកណ្ដាល។ ពួកប្រេត​នេះ​ស្រេកឃ្លាន អាហារ​ចុកសៀត​ដាល ណាមួយ​ស្រេកទឹក ណាមួយ​ឈឺក្បាល ទុក្ខធ្ងន់​មិនស្រាល​ទុក្ខច្រើន​ប្រការ។ ប្រេតនេះ​ច្រើននៅ​ក្នុងដង​ព្រៃ​ជ្រៅ ក្បែរមាត់​សមុទ្រ​លើដុំ​សិលា ឬកោះ​ក៏មានដែរ។ ពពួក​ប្រេតនេះ កាលពី​ជាតិមុន​គំនិត​ស៊យ​ស៊ុន​ជាមនុស្ស​ប៉ោឡែ លេងឥត​បើគិត។ ក្ដៅ​ថាត្រជាក់​បញ្ឆោត​ពេញវត្ដ​ដល់សង្ឃ​ទាំងឡាយ ឱ្យ​សង្ឃ​​លូកចាប់ក្ដៅ​ញ័រសព្វកាយ រួចខ្លួន​សើចសប្បាយ​ថាសង្ឃ​ឆោត។ ហេតុនេះ​លោកអ្នក​គួរចាំ​ឱ្យជាក់​រឿងលេង​បញ្ឆោត​លើអ្នក​មាន​សីលល្អ គួរឱ្យ​កោតដុត​ប្រេតនេះ​សោតជាតួ​ភស្ដុតាង។ បើបាន​ដឹងហើយ​កុំធ្វើ តោះតើយ គួរ​ខំកសាង​កុសល​សីលទាន​ទុក្ខជា​សម្អាង​ជាព្រេង​សំណាង​កំដរអាត្មា។ តែបើ​ឡេះឡោះ​មុខជា​ភ្លាត់ថ្លស់​ខ្លួនខក​ខូចការ លុះដល់​ស្លាប់ទៅ​កម្ម​នាំជីវ៉ា​កើតប្រេត​នេះណា​ប្រាកដ​ជាក់ស្ដែង។

5ប្រេតទី៥ ឈ្មោះ​សុចិ៖ ប្រេតនេះ​រងទុក្ខ​ព្រោះ​កម្មតាក់តែង មាត់ស្រួច​ដូចម្ជុល ក្បាលធំ​ត្រមែង រន្ធមាត់​នោះឯង​ប៉ុនរន្ធ​ក្ដិតម្ជុល។ ដៃជើង​ធំប្លែក​ធំណាស់​ចម្លែក​ធំពេក​ធំជ្រុល​ធំវែង​ខ្ពស់ស្ដុល​ឃើញស្មាន​ជាភ្នំ។ ភ្នែកលាន​ក្រឡោត ក្រចក​ដៃសោតស្រែង​ស៊ីសុសជុំ ដុះវែង​ក្រាស់ខុបចោត​ដូចជើង​ភ្នំ សាច់​ពកធំៗ​ប៉ុនធំ​ថ្មដា។ សាច់ស្បែក​គគ្រាត​ស្លែដុះ​ព្រោងព្រាត​ដូចសិលា សក់ក្បាល​ពុកមាត់ និង​ពុកចង្កា ដុះដូច​ព្រឹក្សាលតា​ទាំងឡាយ។ ពួកប្រេត​នេះច្រើន​នៅបព្វតា​ក្នុងព្រៃជ្រៅ​ឆ្ងាយ ស្រេកឃ្លាន​អាហារ ខ្លោច​ផ្សាពេកកូវ ចាក់ទឹក​មិនចូល ញាត់​បាយ​មិនទៅ ចេះតែ​រស់នៅ​រស់ដោយ​ផលកម្ម។ កាលពី​ជាតិមុន​មិនបាន​ធ្វើបុណ្យ មាន​ទ្រព្យសម្បត្ដិ កំណាញ់​រងកម្ម​លោភ​នៅប្រចាំ​ស៊ូអត់​ស៊ីឃ្លាន។ មាតាបិតា​ឱ្យលោក​ពិសា​កុំឱ្យឃ្លាន មិនដែល​បានធ្វើ​កូនបុណ្យ​កូនទាន ជាមនុស្ស​ស្រេក​ឃ្លាន​ចង់មាន​ភ្លេចស្លាប់។ ហេតុនេះ​លោកអ្នក​បើបាន​ជ្រាបជាក់​គួរ​ប្រែក្រឡាប់​ចិញ្ចឹម​មាតាបិតា។ ចាយ​ទ្រព្យ​តាម​ច្បាប់​​មិនចេះ​ក្រឡើយ។

6ប្រេតទី៦ ឈ្មោះ​ក​ណ្ហ​ជិ៖ ដៃជើង​ធំៗ ខ្លួនធំ​ដូចយក្ស សាច់​សពព្លាក់​ពពាល​ឡើងចាំង។ កវែង ក្បាល​ផ្អៀង ភ្នែក​កែកស្រលៀង​ធំលៀនម្ខាង ច្រមុះធំ​ខ្លីរោមដុះដៃជើង​ក្រញាងស្រេកឃ្លាន​អាហារ ពោះញ័រ​ផ្សាក្ដៅ​ក្រៀម​ក្រំមួម៉ៅ​ព្រោះស៊ី​មិនបាន។ ស្រេកទឹក​ខ្លាំងណាស់ ឃើញបឹង​ឬ​ស្រះ​​នឹកថា​បានក្សាន្ដ​ថាបាត់​ស្រេកឃ្លាន​ដែលមាន​ក្នុងប្រាណ ទឹកនោះ​ក្លាយថ្កាន​ជាភ្លើង​ជាថ្ម ចំណី​​អាហារ​បើឃើញ​កាលណា មាន​ចិត្ដត្រេកអរ ដល់ដើរ​ទៅជិត​ក្លាយជា​ក្រួសថ្មភ្លើង។ ប្រេត​នេះ​​ជាតិមុន​ជាមនុស្ស​ទុជន​មិនស្គាល់​ខុសត្រូវ ដឹកគោ​ចូលវត្ដ​បែកដី ស៊ីដំណាំ​សង្ឃ ឱ្យគោ​ផឹក​ទឹក​​ស្រះ​ជុះនោម​ល្អក់អស់ទឹក​សង្ឃ។ សង្ឃបាន​ប្រាប់ហាម​រឹងណាស់ មិនតាម​ចចេសចង​ចិត្ដគំនុំ ហើយ​តាំងខំប្រើ​ធម៌មិន​ប្រសើរ​បំផ្លាញ​ចោលទឹក។ ហេតុនេះ​លោកអ្នក​កុំធ្វើ​រវឹក​ឱ្យគោ​ចូលវត្ដ ឱ្យស៊ី​ស្មៅផឹកទឹក​បំផ្លាញ​​ទ្រព្យសង្ឃ។

7ប្រេតទី៧ ឈ្មោះ​និ​ជ្ឈា៖ រូបកាយ​គ្រាំគ្រា​រងទុក្ខ​គ្មានស្បើយ ប្រេតនេះ​កម្មក្រាស់​ព្រួយឥត​ល្ហែ​ល្ហើយ ស៊ី​មិនកើត​ឡើយ​មាត់ដុះ​កន្ទុយ។ រូបរាង​អាក្រក់ ពោះប៉ោង​កំប៉ក់ ផ្ចិតទល់​លៀនស្ទុយ ច្រមុះ​កញ្ឆត ភ្នែក​ដូចទីទុយ មុខដុះ​រោមស្គុយ មាត់ស្អុយ​ខ្មួរខ្មោះ សាច់ខ្មៅ ក្រងិត​រាងខ្ពស់​ស្គម​ស្វិត​ដៃជើង​កក្រោះ ម្រាមដុះ​ជាប់គ្នា​ជិតគ្មាន​ចន្លោះ​រាងដូច​ចបបបូរមាត់​ជ្រុង​ខាងលើ​សំយុង​ធ្លាក់​គ្របចង្កា ត្រចៀក បាក់ធ្លាក់ យារដាបដល់​ស្មា សក់ក្បាល​វែង​អាក្រក់​ក្រៃពេក។ ប្រេតនេះ​ច្រើន​នៅក្នុង​ដងព្រៃជ្រៅ​ឆ្ងាយ​ដាច់អាល័យ ឬ​នៅលើកោះ​ក្នុង ជលស័យ ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ដ​អាក្រក់​ជេរស្ដី​ទ្រគោះ។ ប្រេតនេះ​កាលពី​ជាតិមុន​និយាយ​ចាក់ដោត​ឡកឡាយ ធ្វើឱ្យ​អ្នកមាន​សីល អាប់​កិត្ដិយស ឃើញជន​ពិការស្ដី​ឡកឡាយ​ដាក់និយាយ​ឱ្យខ្មាស។ ហេតុនេះ​លោកអ្នក​បើបាន​ជ្រាបជាក់​គួរសាង​សីល​ទាន ធ្វើចិត្ដ​ឱ្យល្អ មាន​ករុណា ឃើញ​ជនពិការកុំឡកឡាយ តាំងចិត្ដ​ឱ្យធ្ងន់​និយាយ​ឱ្យទន់​កុំញុះ​មុខក្រោយ បំបែក​ពួក​បក្ខនិយាយ​កោសកោយ ប្រយ័ត្នផល​ឱ្យមាត់​ដុះកន្ទុយ។

8ប្រេតទី៨ ឈ្មោះ​សព្វ​ង្កា៖ រូបរាង​ទុយមុយ ដំបៅ​ពេញកាយ សាច់សុទ្ធ​ពងរុយ ខ្ទុះដូច​ជ័រគុយ រុយ​រោម​អែអុក។ សាច់​ហើមភ្នែក ធំលៀន ធំក្លិន​ស្អុយ​គគ្រក់ ច្រមុះ​ធំវែង ពោះធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រងទុក្ខ​ឥតមាន​ស្រាកស្រាន្ដ។ ស្រេកឃ្លាន​អាហារ​ខំយក​ដៃខ្វាពាស ពេញ​ខ្លួនប្រាណ ក្រចក​វែង​មុត​ខ្វេះហែក​សាច់បាន​ហែក​សាច់​ខ្លួនប្រាណ​ស៊ី​ជាអាហារ ស៊ីណាស់​ឃ្លានណាស់ ព្រោះ​ផលកម្ម​ចាស់អាក្រក់ក្លៀវក្លា ហែក​សាច់ឯង​ស៊ីឈឺចាប់​ខ្លោចផ្សា តែ​ឥតបាន​ការឱ្យ​ឆ្អែត​បាត់ឃ្លាន។ ប្រេត​នេះ​​ច្រើននៅក្នុង​ព្រៃភ្នំ ជាតិមុន​មិនមាន​ធ្វើបុណ្យ ចិត្ដកាច​ឫស្យា​ដាល់តប់ម៉ែឪ​ជីដូន​ជីតា ឬ​ញាតិកា​អ្នកមាន​គុណលើ។ មិនមាន​កោតខ្លាច​ប្រព្រឹត្ដ​កោងកាច​កាន់​ឫកក្រពើ បំភ្លេច​គុណចាស់​អ្នក​ដែល​បានធ្វើ​ជាជន​ភ្លីភ្លើអកតញ្ញូ។ សូម​ជន​តាំងចិត្ដ​ឱ្យធ្ងន់​ខឹងខំ​បន្ធូរ ចំពោះ​ម៉ែឪ​ដូនតា និង​គ្រូកុំខឹង​តបស្នង​អ្នក​មាន​គុណ។ ត្រូវតែ​គោរព​បូជា​ថ្ងៃយប់ បើបាន​ចំណី​ល្អគួរ​ជូនលោក​មុនទៅ ទើប​ហៅដឹង​គុណមាន​កតញ្ញូ។ បើមិន​ប្រព្រឹត្ដ​​តាមពាក្យ​នេះពិត​ឥតមាន បន្ធូរ ស្លាប់​ទៅពេល​ណាមិន​បាច់គិតគូរ​របូត​ធ្លាក់​ប្រេត​នរក។

9ប្រេតទី៩ ឈ្មោះ​បព្វ​ង្កា៖ ប្រេតនេះ​ដៃខ្លី​ជើងខ្លី ខ្លួនវែង​ធំខ្ពស់​ដូចភ្នំ​ឆេះ ដូចដុំដែក​ក្រហម​ក្ដៅញ័រ​កាយា​លំបាក​ពេកក្រៃ ក្នុង​ចិត្ដខ្លោច​ផ្សា ក្រៀម​ក្រំឱ​រ៉ាហៅ​មហាលំបាក។ ស្រេកឃ្លាន​អាហារ​រាប់​កោត​សិបឆ្នាំ​ឃ្លាន​ឥតមាន​ស្រាក​តែមិន​ចេះស្លាប់ ព្រោះកម្ម​វិបាក​មិន​បរិច្ចាគ ធ្វើសីល​ឱ្យទាន។ ប្រេត​នេះ​ច្រើន​នៅក្នុង​ដងព្រៃ​ជ្រៅ ប្រេតនេះ​ពីជាតិមុន​មនុស្ស​ទុជនិចិត្ដរឹង​ដូចដែក ខឹងចង​គំនុំ​ប្រឈ្លោះ​​ប្រកែក កោងកាច​អនេក​គុំគួន​ព្យាបាទ។ អ្នកកាប់​សម្លាប់​មិនចេះ​ខ្លាចស្លាប់​ជាជន​ប្រមាទ បង្ហិន​បង្ហោច​ធ្វើឱ្យ​ខូចខាត ដុតព្រៃ និងផ្ទះ​សម្បែង ធ្វើឱ្យ​តែឈ្នះ​ចិត្ដកាចមានៈ​ឥតមាន​កោត​ក្រែង អំពើ​អាក្រក់​មិនខ្លាច​រអែង​ឃើញ​ផលជាក់​ស្ដែង​នៅនា​លោកីយ៍។ លុះដល់​ស្លាប់​ទៅ​ធ្លាក់នរក​ជ្រៅ​ឈ្មោះ​អវីចីសេសសល់​ផលកម្ម​វិលឡើង​មកខ្មី​កើត​ប្រេត​អប្រិយ​ភ្លើងឆេះ​ជានិច្ច។ ហេតុនេះ​លោកអ្នក​បើ​បាន​ជ្រាបជាក់​ខិតខំ ខ្ចប់វេច កុំ​ចងគំនុំ​នាំឱ្យ​វិលរេច​ខឹងខ្លាំង​ខំធ្មេច​ភ្នែក​ទប់ចិន្ដា។

10ប្រេតទី១០ ឈ្មោះ​អ​ជត​រៈ៖ ក្បាលច្រើន​ប្រការ ខ្លួន​ជាពស់​ថ្លាន់ ក្បាល​ជាសត្វខ្លា ជួនក្បាល​ដូចឆ្មា​ជាគោក្របី។ ប្រេតនេះ​ចម្លែក មាន​រូបរាងប្លែក​ខុសប្រក្រតី ខ្លួន​ជាពស់​ថ្លាន់​ធំវាលើដី។ ម្ដងក្បាល​ជាខ្លា ម្ដងក្បាល​ជាស្វាដំរី​មៀម ម្ដង​ជាក្បាល​មាន់​ជាប្រើស​ខ្លាឃ្មុំ ភ្លើង​ឆេះព័ទ្ធ​រុំទាំងយប់​ទាំងថ្ងៃ។ ស្រេកឃ្លាន​អនេក ចេះតែ​ថ្ងូរស្រែក ទុក្ខ្ខខ្លាំង​ពេកក្រៃ ភ្លើងឆេះ​ជានិច្ច ឥតមាន​សំចៃ តែប្រេត​មិន​ក្ស័យ​ព្រោះកម្ម​ក្លៀវក្លា។ ប្រេតនេះ​ជាតិមុន​មិនបាន​ធ្វើបុណ្យ​ប្រព្រឹត្ដ​ប៉ោឡែ ព្រហើន​កោងកាច​ដុត​ផ្ទះ​ដុតស្រែ មិនខ្លាច​ឪម៉ែ​ជីដូនជីតា ដៀល​អ្នកមាន​សីល​មាត់ខូច​រអិល​ប្រទេច​ផ្ដាសា ជេរអ្នក​មាន​គុណ​ថា​ឆ្កែថាឆ្មា ព្រះសង្ឃ​ក្ដីណា​ក៏ជេរ​មិនខ្លាច។ លុះដល់​ស្លាប់ទៅ​កើតនរក​ជ្រៅភ្លើង​ឆេះ​ចិញ្ចាច សេសសស់ផលកម្ម​អំពើ​កំណាច​ជាប្រេត​បិសាចក្បាល​ច្រើនប្រការ។

11ប្រេតទី១១ ឈ្មោះ​វេ​មា​និក៖ រូបធំ​ទ្រមឹង រាងធាត់​ក្រអាញ ដុះរោម​ជិតឈឹង ពោះប៉ោង​ត្រង់​ភឹ្លង​សម្បើម​អស្ចារ្យ។ សោយ​វេទនា​សុខ ទុក្ខ​ស្មើគ្នា តាម​ធម្មតា​ដៃកាន់​អាវុធ​ចិត្ដកាច​ក្លៀវក្លា​ប្រេតនេះ​ហៅយមរាជ។ ពេលដែល​សោយ​ទុក្ខចិត្ដ ពុះ​គគ្រុក​ក្ដៅផ្ទុះ​ដូចលាច​កាប់សត្វនរក ឈាម​ពីព្រឹក​ដល់ល្ងាច​ខឹងឥត​ស្រាកស្រាន្ដ។ អត់បាន​បាយអត់ទឹក​ខឹងញ័រ​គគ្រឹក​ទុក្ខព្រួយ​រំខាន វាយសួរ​ចម្លើយ​​កាត់ទោស គ្រប់ឋាន នរក​ប៉ុន្មាន​ត្រួតត្រា​ទាំងអស់។ ពេលដែល​សោយ​សុខឃ្លាត​ឆ្ងាយ​ចាក​ទុក្ខបាត់​សូន្យសោះ ក្លាយខ្លួន​ទៅជា​ទេវបុត្រ​កំលោះ រូបល្អ​ឥតខ្ចោះ​នៅក្នុង​ឋានសួគ៌។ ស្រី​ទេព​អប្សរ​រូបស្រស់​បវរ​ចោមរោម​ទាំងគូរ​សោយទិព្វ​សម្បត្ដិ​ខ្ចាត់ក្ដី​អាប់អួរ សោយសុខ​ក្នុងសួគ៌​សប្បាយ​ពេកក្រៃ។ ដល់ពេល​សោយទុក្ខ​ឃ្លានចាក​ក្ដីសុខ​កើតប្រេត​ចង្រៃ រងទុក្ខ​វេទនា​ទាំងយប់​ទាំងថ្ងៃ ទុក្ខខ្លាំង​ពេក​ក្រៃ​ដូចបាន​រៀបរាប់។ កាលពី​ជាតិមុន​ជាមនុស្ស​ដែលបាន​ធ្វើបុណ្យ​ផឹកស្រាសីល មិនបាន​សាងគឺ​បុណ្យ​ក៏ធ្វើបាប​ក៏​ធ្វើ​គ្រប់យ៉ាង ធ្វើ​ទាំងពីរ​ខាងធ្វើ ក្នុង​ប្រមាទ។ លុះដល់​ស្លាប់ទៅ​កើតនរក​ជ្រៅ​សោយទុក្ខ​ពេញខ្នាត សេសសល់​ផល​កម្ម​កើត​វិនិបាត​ជាប្រេត​សុទ្ធសាធ សោយផល​ទាំងពីរ។

12ប្រេតទី១២ ឈ្មោះ​ម​ហិ​ទ្ធិ​កៈ៖ រូបល្អ​ពេញទី​ជាស្ដេច​នៃចក្រ អ្នកមាន​ឫទ្ធី​ល្អឥត​មានពីរ​ស្មើរូប​ទេព្ដា។ មានគ្រឿង​ស្លៀកពាក់ ស្រស់ល្អពេញ​វគ្គ មាន​ម្កុដសង្វារ​ចាំងចែង​ចិញ្ចាច​គួរចេតនា សាច់​ល្អ​​ភ្លឺថ្លា​ពណ៌ស្រស់​ប្រិមប្រិយ ទាស់តែ​ស្រេកឃ្លាន​រាប់ឆ្នាំ​សែនលាន​ឥតស្គាល់ ចំណី ឃ្លានស្រេក​យ៉ាងខ្លាំង​ដើរសព្វ​ផែនដី ខំដើរ​រកឆី​អាហារ​ភោជន បើឃើញ​ចំណី​អាហារ​អ្វីៗ​ត្រេកអរ​លើសលន់ ខំស្ទុះ​ទៅចាប់ ភ្លើងឆេះ​ពេកពន់​សោយទុក្ខ​យ៉ាងធ្ងន់​ស្ទើរក្ស័យ​ជីវ៉ា។ បើមិន​ដូចនោះ​ឃើញហើយ​ខំស្ទុះ​ចាប់កើប​ស្រវាបាន​ដាក់ក្នុង​មាត់​លេបទៅកាលណា​ស្រាប់តែ​ក្លាយក្លា​ជាដុំដែក​ក្ដៅ។ ដុំដែក​នោះឯង​ភ្លើងឆេះ​ចិញ្ចែង​ក្រហម​ច្រាលឆ្អៅ ឆេះឆាប​ក្នុងមាត់​ស្រែកយំ​សោកសៅ ដុំដែល​ឆេះក្ដៅ​ដុតក្នុង​កាយា។ ខ្លះស៊ី​លាមក​ស៊ីលេប​ជញ្ជក់​យល់ថា​អាហារ ស៊ីណាស់​ឃ្លានណាស់ ព្រោះកម្ម​ក្លៀវក្លា​ក្លិនស្អុយ​អស្ចារ្យ ល្អតែ​រូបកាយ។ ប្រេតនេះ​ជាតិមុន​បួសក្នុង​សាសនា តែមិន​ប្រព្រឹត្ដ​វិន័យ​ទាំងឡាយ​បួសឆាន់​តែបាយ​ញ៉ាំញី​សាសនា។ ប្រព្រឹត្ដ​អាក្រក់ គំនិត​តក់ម៉ក់​ធ្វើមិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់លាភ​សាសនា វិន័យ​សិក្ខាមិន​ប្រតិបត្ដិ។ ប្រើ​ប្រាស់​បច្ច័យ ឆាន់ដេក​ដល់ថ្ងៃ ធ្វើឫក​ដូចសត្វ ពេលឆាន់​អាហារ​ចិត្ដវិល​រសាត់​មិនប្រតិបត្ដិ​តាមច្បាប់​ឱវាទ។ លុះដល់​ស្លាប់ទៅ​កើតនរកជ្រៅ​សោយទុក្ខ​ពេញខ្នាត សេសសល់​ផលកម្ម កើតប្រេត​រូបស្អាត​ដោយ​ផាតឱវាទ​នៃ​ព្រះសម្ពុទ្ធ។